សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុជា ជាទីគោរព

ឯក​ឧត្តម​លី ធុជ ប្រធាន​​សន្និសីទ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥​

ឯក​ឧត្តម លោក​ជំទាវ​ លោក​ លោក​ស្រី​ និង​ក្រុម​ការងារ​ទាំង​អស់​ ជាទីគោរព និងជាទីរាប់អាន

ខ្ញុំមានសេចក្តីសោមនស្សរីករាយតំណាងឱ្យ​គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ឡើង​ថ្លែង​សុន្ទរ កថា​នៅ​ក្នុងសន្និសីទត្រួតពិនិត្យឡើង​វិញ​លើកទីប្រាំនៃអនុសញ្ញាហាមប្រាមការ​ប្រើ​ប្រាស់​មីនប្រឆាំងមនុស្ស។ ប្រទេស​កម្ពុជា​ គឺ​ជា​ផ្នែក​មួយ​នៃ​បណ្ដុំ​​ចលនា​សកល​សម្រាប់​ពិភពលោកមួយ​ដែល​​គ្មាន​មីន​ ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់​ផ្ទះកិច្ច​ប្រជុំ ដែល​បាន​ស្វាគមន៍​ពួក​យើង​មក​កាន់​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដ៏​ពិសេស​នេះ​នៅ​ខេត្ត​សៀម​រាប។

ខ្ញុំ​សូម​ចាប់​ផ្ដើម​ ដោយ​រំលឹក​ឡើង​វិញ​នូវ​ហេតុផល​មនុស្ស​ធម៌ ដែល​បញ្ជាក់​ពី​អនុសញ្ញា​នេះ។ នៅ​ពេល​ដែល​អនុញ្ញា​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៩៩៧ ភាគ​ច្រើន​លើស​លប់​នៃ​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​​មីន​គឺ​ជា​ប្រជា​ជន​ស៊ី​វិល​​ ដែល​ភាគ​ច្រើន​ជា​ជន​ភៀស​ខ្លួន​កំពុង​​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួននិង​ព្យាយាម​កសាង​ជីវិត​របស់​ពួក​គេ​ឡើង​វិញ ឬ​ក៏​ជា​កសិករ​ ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​លើ​ដី​របស់​ពួក​គេ។​ ចំនួន​ជន​រងគ្រោះ​ច្រើន​តែ​ជា​កុមារ​ ដែល​​ជីវិត​​វ័យ​ក្មេង​របស់​ពួក​គេ​បាន​បាត់​បង់​យ៉ាង​ឆាប់​រហ័ស​ ឬ​ក៏​អាច​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត​ បន្ទាប់​ពី​ជាន់​លើ​គ្រាប់​​មីន​រួច​ មិន​ថានៅ​​ពេលពួក​គេ​​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន ឬ​ក៏​កំពុង​លេង​ក្រៅ​ផ្ទះ​នោះ​ទេ​។​

បើ​ទោះ​បី​ជា​មាន​ការ​វិវឌ្ឍ​គួរ​ឱ្យកត់​សម្គាល់​ចាប់​តាំង​ពី​ពេល​នោះ​មកក៏​ដោយ ផល​វិបាក​ដ៏​សោក​សង្រេង​ទាំង​នោះ​នៅ​តែ​បន្ត​វាយ​ប្រហារ​លើ​ប្រជា​ជន​ស៊ី​វិល​ ដែលទទួល​រង​នូវ​ការ​ឈឺ​ចាប់​។ ភាព​ចាំ​បាច់​ផ្នែក​មនុស្ស​ធម៌​ក្នុង​ការ​បញ្ចប់​អាវុធ​ដោយមិន​រើស​មុខ​ និង​គាំ​ទ្រ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​​គ្រាប់​មីន​ នៅ​តែ​ជា​ចំណុច​អាទិភាព​នា​ពេល​បច្ចុប្បន្ន​​ ដូច​ពេល​ដែល​អនុសញ្ញា​នេះ​ត្រូវ​បាន​អនុម័ត​។

មហិច្ឆតា​រួម​របស់​យើង​ក្នុង​ការ​សម្រេច​ឱ្យ​បាន​ពិភពលោក​មួយ​ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ គួរ​ឱ្យ​សោក​ស្ដាយ​ ដែល​នៅ​មិន​អាច​សម្រេច​បាន​នៅ​ឡើយ​។ ភាព​យឺត​យ៉ាវ​នៃ​ការ​បោស​សម្អាត​គ្រាប់​មីន​ និង​ការ​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​ គឺ​ជា​បញ្ហា​មួយ​ ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ ក៏​ដូច​គ្នា​នេះ​ដែរ​ ក៏​មាន​ការ​ចោទ​ប្រកាន់​ពី​ការ​បំពាន​លើ​​អនុ​សញ្ញា​ និង​ការ​ខ្វះ​ខាត​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​មីន​ ហើយ​នេះ​នៅ​មិន​ទាន់​លើក​ឡើង​ពី​អត្រា​យឺត​យ៉ាវ​នៃ​សកល​ភាវូបនីយកម្ម​នៅ​ឡើយ​ផង។​

យ៉ាង​ណា​ក៏​ដោយ​ យើង​នៅ​មាន​ហេតុ​ផល​ជា​ច្រើន​ ដែល​ជា​មោទនភាព៖ ជាង​បី​ភាគ​បួន​នៃ​រដ្ឋ​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ត្រូវ​បាន​ចង​ភ្ជាប់​ដោយ​អនុសញ្ញា​នេះ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ មីន​រាប់​លាន​គ្រាប់​ដែល​បាន​ស្តុក​ទុក​ ត្រូវ​បាន​បំផ្លាញ​ដោយ​រដ្ឋ​ភាគី​។ ផ្ទៃ​ដី​ដ៏​ធំធេង​ត្រូវ​បាន​បោស​សម្អាត​ ហើយ​បានប្រគល់ត្រឡប់ សម្រាប់ប្រើ​ជា​ដី​ដែល​មាន​សុវត្ថិភាព​​។

សមិទ្ធផលដ៏សំខាន់ទាំងនេះ ធ្វើឱ្យខ្ញុំមានសង្ឃឹមថា យើងអាចរកដំណោះស្រាយលើបញ្ហាប្រឈមទាំងឡាយ ដែល​មានរយៈពេលយូរ និងថ្មីៗ។ យើង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដោយ​​កំណើននៃ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សំខាន់ដូចជា គ្រាប់មីនប្រឆាំងមនុស្សកែ​ឆ្នៃ បរិយាប័ន្ន​ផ្នែក​សេដ្ឋកិច្ចសង្គមសម្រាប់​អ្នក​រស់​រាន​មាន​ជីវិត​ពី​គ្រាប់​មីន ការអប់រំអំ​ពីគ្រោះថ្នាក់នៃ​គ្រាប់មីន ការបំផ្លាញបរិស្ថាន និងសក្ដានុពល​នៃ​ភាព​ជឿន​លឿនយ៉ាង​ឆាប់​រហ័ស​នៃ​បច្ចេក​វិទ្យា​ក្នុង​ការ​បោស​សម្អាត​មីន។​

ឯកឧត្តម លោកជំទាវ លោក​​ លោក​ស្រី

យើង​ត្រូវ​ពង្រឹង​ជំហ​ររឹង​មាំ ក្នុង​ការ​ធានា​ឱ្យមានសកលភាវូបនីយកម្ម ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​អនុសញ្ញា​​នេះ​ ហើយ​ត្រូវ​បញ្ចេញ​មតិ​ក្នុងការការពារបទដ្ឋានមនុស្សធម៌របស់អនុសញ្ញានេះ។

  • នេះ​មាន​ន័យថា ជាដំបូង ​ត្រូវ​និយាយប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្សដោយបុគ្គល​ណា​ម្នាក់​ ​នៅ​កន្លែង​ណាក៏ដោយ មិន​ថា​ក្នុង​កាលៈទេសៈបែប​ណា​។ គ្មាន​ហេតុ​ផលណា​​ក្នុង​ការប្រើប្រាស់ ឬផ្ទេរអាវុធ ដែលធ្វើឲ្យខាតបង់ជីវិត​មនុស្សមិន​រើស​មុខ​ និងយូរអង្វែងនោះទេ ដូចដែលប្រជាជនកម្ពុជាបាន​ដឹងយ៉ាង​ច្បាស់​ផងដែរ។
  • ទីពីរ​ ត្រូវ​ធ្វើ​ការ​ឥត​ឈប់​ឈរ​ ដើម្បី​ឆ្ពោះ​ទៅ​រក​សកលភាវូបនីយកម្មនៃ​អនុ​សញ្ញា​នេះ
  • ហើយ​ទី​បី ត្រូវ​ដោះស្រាយការចោទប្រកាន់អំពីការរំលោភលើអនុសញ្ញានេះ​ភ្លាមៗ ស្រប​ពេល​ដែលត្រូវ​រារាំង​​ការបំពានផងដែរ។

អ្នក​អាច​ពឹង​ផ្អែក​លើ​​ ICRC ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​យើង ​តាម​រយៈ​ការ​ចូល​រួម​ជាមួយ​រដ្ឋ​ភាគី​ និង​ដៃ​គូ​ដទៃ​ទៀត​ ដើម្បី​សម្រេច​គោល​ដៅ​នៃ​អនុសញ្ញា​នេះ។

ក្នុងបរិបទនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះរដ្ឋាភិបាលកម្ពុជា និងសម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្គាល់តួនាទីរបស់អង្គការរបស់ខ្ញុំក្នុងការអភិវឌ្ឍ និងអនុវត្តអនុសញ្ញានេះ។

ពានរង្វាន់ដែលយើងទើបតែទទួលបានគឺជាសក្ខី​កម្ម​មួយ​នៃ​ការ​តាំង​ចិត្ត​ដែល​មិនចេះ​​នឿយ​ហត់​របស់​សមាជិក​ទាំង​អស់​នៃ​ចលនា​​អន្តរជាតិ​​ កាក​បាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហមរបស់យើង​។​ ជាពិសេស ខ្ញុំ​សូម​សរសើរ​ដល់​កាក​បាទ​ក្រហម​កម្ពុជា ​ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែង ក្នុងការដោះស្រាយផលវិបាកមនុស្សធម៌ដ៏​សោក​សង្រេង​ ពី​​មីន​ប្រឆាំង​​មនុស្ស។ ខ្ញុំ​ក៏​រីក​រាយ​នឹង​រាយ​ការណ៍​ផងដែរ​ថា សមាគម​ជាតិ​ចំនួន​៥ ផ្សេង​ទៀត​ ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សន្និសីទ​នេះ​ផង​ដែរ​។

ពាន​រង្វាន់​នេះ​គឺ​ជា​ការ​រំលឹក​​ពី​អ្វី​ដែល​យើង​អាច​សម្រេច​បាន​ក្នុង​ការ​ធ្វើ​ការ​រួម​គ្នា ដើម្បី​​​បង្ការ និងបន្ធូរ​បន្ថយ​ការ​ឈឺ​ចាប់​របស់​​ជន​រង​គ្រោះ​ដោយ​សារ​​មីន។

ឯកឧត្តម លោកជំទាវ លោក​​ លោក​ស្រី

យើងខ្ញុំសូម​អំពាវ​នាវដល់​អ្នក​រាល់​គ្នា​​ឱ្យកំណត់គោលដៅប្រកបដោយមហិច្ឆិតាសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីធ្វើសកម្មភាពជា​បន្ទាន់​ ដែលទាមទាររក​ដំណោះ​ស្រាយលើ​បញ្ហាប្រឈម ដែល​សហគមន៍​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​មីន កំពុងជួប​ប្រទះនាពេលបច្ចុប្បន្ននេះ ហើយ​ជា​ពិសេស​ទៀត​នោះ គឺ​ដើម្បី​ប្រែ​ក្លាយ​ទស្សនៈ​វិស័យ​រួម​គ្នា​របស់យើងលើ​ពិភពលោកដែលគ្មានមីនឱ្យក្លាយជាការពិត។